ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងរៀបចំគម្រោងស្នើសុំភាគីចិន បង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងស្នើសុំពីមិត្តចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការ តភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រីក្នុងតំបន់។

នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃ១ សីហា សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញផែនការ នារីរតនៈទី៦ , ផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាពយេនឌ័រ , ការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី , គោលនយោបាយជាតិ , ការកែទម្រង់របស់រាជរដ្ឋាភិបាលនិងរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឈរលើគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃ ផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់ ។

សម្ដេចធិបតីបន្តថា «តាមរយៈក្របខណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាលក៏បាននិងកំពុងដឹកនាំ ការអនុវត្តគម្រោងថ្នាក់តំបន់ ស្ដីពីការពង្រឹងផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើងបាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងតំបន់»។

សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យនេះ។ សម្ដេចក៏បានប្រមើលឃើញកម្ពុជាថា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគេឲ្យទៅជាការពិត។

នាយករដ្ឋមន្ដ្រីបន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះគ្រប់ឧបសគ្គដែល បន្ទច់បង្អាក់ដំណើររបស់ពួកគេ៕

To Top