ព័ត៌មានជាតិ

អ្នកជំនាញមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦៖ កិច្ចសហប្រតិបត្តិការ វារីអគ្គិសនីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់

កាលពីថ្ងៃទី ១៥ ខែកក្កដា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានចាប់ផ្តើមការសិក្សារួមគ្នាតាមប្រភពទន្លេឡានឆាងក្នុងខេត្តឈីងហៃប្រទេសចិន។ ក្នុងដំណើរការសិក្សានេះ តំណាងដែលមកពីប្រទេសទន្លេមេគង្គទាំង ៥ បានចែករំលែកបទពិសោធន៍នៅតាមផ្លូវ និងទស្សនៈរបស់ខ្លួន។

លោក Paradis Someth អ្នកជំនាញជលសាស្ត្រ និងជាអ្នកបច្ចេកទេសនៃលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងវារីអគ្គិសនីរបស់ប្រទេសចិននៅតាមទន្លេឡានឆាង។ លោកបានបញ្ជាក់ថា ទោះបីជាតំបន់ទន្លេឡានឆាងប្រហែលជាមិនសក្តិសមនឹងការធ្វើសិកម្មក៏ដោយ ក៏ប៉ុន្តែវាមានសក្តានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍវារីអគ្គិសនី។

លោកក៏បានលើកឡើងពីដំណាក់កាលទីមួយនៃ “គម្រោងស្រាវជ្រាវរួមអំពីការផ្លាស់ប្តូរលក្ខខណ្ឌជលសាស្ត្រ និងវិធានការដោះស្រាយតាមទន្លេឡានឆាង-មេគង្គ” ដែលបានបញ្ចប់ក្នុងខែសីហា ឆ្នាំ ២០២៣ ដែលក្នុងនោះលោកបានធ្វើការជាអ្នកសម្របសម្រួលដ៏សំខាន់។ លោកបានបន្តថា ឥឡូវនេះ យើងកំពុងឈានចូលដល់ដំណាក់កាលទី ២ នៃការស្រាវជ្រាវរួម ដែលនឹងផ្តល់ព័ត៌មានជលសាស្ត្រកាន់តែច្រើនអំពីទន្លេឡានឆាង-មេគង្គ។ លោកយល់ឃើញថា ការស្រាវជ្រាវនេះនឹងជួយដោះស្រាយបញ្ហាដែលទឹកបឹងទន្លេសាបកម្ពុជាមានកម្ពស់ទាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Sivannakone Malivarn អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គជាតិប្រទេសឡាវ ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងវារីអគ្គិសនីតាមទន្លេឡានឆាងផងដែរ។ ពេលដំបូង លោកមានការព្រួយចិត្តខ្លះអំពីផលប៉ះពាល់នៃគម្រោងវារីអគ្គីសនីតាមទន្លេឡានឆាងរបស់ប្រទេសចិន ដោយខ្លាចថាបរិមាណទឹកមានការថយចុះ។ ប៉ុន្តែ ក្រោយពីទទួលបានព័ត៌មានបន្ថែមតាមរយៈការសិក្សារួមគ្នា លោកមានជំនឿចិត្តយ៉ាងមុតមាំថា គម្រោងទាំងនេះអាចសម្រួលលំហទឹក និងការពារទឹកជំនន់នៅតាមកំណាត់ខាងក្រោមនៃទន្លេឡានឆាង-មេគង្គ។ លើសពីនេះ ស្ថានីយវារីអគ្គិសនីណាមណុម៤ ដែលជាជំនួយរបស់ប្រទេសចិនសម្រាប់ប្រទេសឡាវនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសឡាវ។

លោក Chaona Suppanut មកពីការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចែករំលែកព័ត៌មានជលសាស្ត្រ ដែលអាចជួយប្រទេសថៃនិងប្រទេសទន្លេមេគង្គផ្សេងៗទៀត យល់ដឹងកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង ហើយធ្វើការត្រៀមរៀបចំសម្រាប់ការប្រើប្រាស់ទឹកនាពេលអនាគត។ លោកបានបញ្ជាក់ថា យើងគួរតែឱ្យយុវជនចូលរួមការងារទាំងនេះ ដើម្បីធានាបាននូវកិច្ចសហការយូរអង្វែង និងប្រកបដោយនិរន្តរភាព។ លោកបានបន្ថែមទៀតថា ខ្ញុំគិតថា កម្លាំងរួមរបស់អ្នកចូលរួមពីមួយជំនាន់ទៅមួយជំនាន់ គឺជាកម្លាំងដ៏អស្ចារ្យបំផុតសម្រាប់ការផ្លាស់ប្តូរ។

កញ្ញា Tin Yu Ya Swe មកពីប្រទេសមីយ៉ាន់ម៉ា ហើយកំពុងសិក្សាពីជំនាញផ្នែកអភិវឌ្ឍន៍ជនបទថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យកសិកម្មប្រទេសចិន។ នាងបាននិយាយថា ខ្ញុំចង់រៀនសូត្រពីប្រព័ន្ធគ្រប់គ្រងទឹករបស់ប្រទេសចិន ហើយយកវិធានការទាំងនេះទៅអនុវត្តសម្រាប់ការគ្រប់គ្រងទឹក និងការអភវិឌ្ឍកសិកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៧០% ពឹងផ្អែកលើវិស័យកសិកម្ម។ នាងបានកោតសរសើរចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការស្តារតំបន់ជនបទ ហើយជឿជាក់ថា ប្រទេសចិនមានបទពិសោធន៍ជាច្រើនគួរឱ្យសិក្សារៀនសូត្រ។

លោក Nguyen Dinh Dat ដែលមកពីគណៈកម្មាធិការជាតិទន្លេមេគង្គប្រទេសវៀតណាម បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតលើអត្ថប្រយោជន៍ជាក់ស្តែងនៃស្ថានីយវារីអគ្គិសនីនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ លោកបានបញ្ជាក់ថា និយាយជារួម អាងស្តុកទឹកទាំងនេះអាចផ្ទុកទឹកក្នុងរដូវមានទឹកជំនន់ ហើយបង្ហូរទឹកនៅពេលរាំងស្ងួត។ នៅឆ្នាំ ២០១៦ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីបាតុភូត El Nino បានប៉ះពាល់ដល់ប្រទេសទន្លេមេគង្គជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ។ ការចូលរួមចំណែករបស់រដ្ឋាភិបាលចិនតាមរយៈការបង្ហូរទឹកពីកំណាត់ខាងលើទៅកំណាត់ខាងក្រោមនៃទន្លេឡានឆាង-មេគង្គ បានកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់នៃគ្រោះរាំងស្ងួត។ លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹកក្នុងការធានាការផ្គត់ផ្គង់ទឹក ថែរក្សាសន្តិសុខស្បៀង និងការជំរុញផលិតកម្មខាងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះទេ លោកក៏បានបន្ថែមទៀតថា វាក៏នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

To Top