ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យឈប់សម្រាក ១ថ្ងៃ ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហានេះបានចេញសារាចរអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ខាងមុខ។

រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ សីហា ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីក ហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ នាថ្ងៃនោះត្រូវបានចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្រ្តដោយមានការទូងស្គរ បាញ់កាំជ្រូច និងការប្រគំតន្រ្តីស្ទើរតែទូទាំងប្រទេស។

ក្នុងសារាចររបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា គម្រោងព្រែកជីកនេះគឺជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ។ ដើម្បីឲ្យបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទកនាឱកាសដ៏ថ្លៃថ្លា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាគឺអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ថ្ងៃ នៅថ្ងៃ៥ សីហា បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។

លិខិតបញ្ជាក់ថា ការឈប់សម្រាកនៅថ្ងៃទី៥ សីហា របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួលបានប្រាក់ឈ្នួល។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ៕

To Top