ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកែប

ភ្នំពេញ ៖ នារសៀលថ្ងៃ១ សីហានេះ បន្ទាប់ពីចុះពិនិត្យសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យមួយចំនួន នៅខេត្តកែប រួចហើយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរពីរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ និងសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក ប៊ុន យោង អភិបាលរងខេត្តកែប និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រាប់មន្ត្រីជាថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តពីលទ្ធផលនៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធានមនុស្ស។

សាស្រ្តាចារ្យ ក៏បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖ យកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈបណ្ណ័សមធម៌ និងប.ស.ស , សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឲ្យបានត្រឹមត្រូវ , ខិតខំកត់ត្រាពត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឲ្យបានត្រឹមត្រូវ , ទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ ពីការពេញចិត្តពេញ និងការផ្តល់ជាគំនិតស្ថាបនា និងបង្កើនសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។

ឆ្លៀតក្នុងពិធីជួបជុំសាស្រ្តាចារ្យ ក៏អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជួយថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ២៤ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំ ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលបានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌៕

To Top