ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើប ក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងសាងសង់ ជាទារកដ្ឋាន នៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗ របស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារក ក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ ។

លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំនាញ របស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រ ដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងរោងចក្រអាចយកកូនៗ មកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជា ចាប់ពីតូចទៅតែម្តង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះ ចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ផលិតកម្ម ក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿង បរិក្ខារទំនើបពាក់កណ្តាល ស្វ័យប្រវត្តិ និងមានកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈស្តង់ដាខ្ពស់ និងស្របតាមបទដ្ឋាន បច្ចេកទេសស្តង់ដាការងារ ថែមទៀតផង៕

