ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ សង្ឃឹមថា ភាគីចិន នឹងបន្តផ្តល់ជំនួយនានា បម្រើវិស័យសន្តិសុខនៅកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា ភាគីចិន នឹងបន្តផ្តល់ជំនួយនានា ដើម្បីបម្រើដល់វិស័យសន្តិសុខ និងការបណ្តុះបណ្តាលផ្សេងៗ ដល់ក្រសួងមហាផ្ទៃកម្ពុជា។

ការបង្ហាញក្ដីសង្ឃឹមរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអនុញ្ញាឲ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួបសម្ដែងការគួរសម នៅថ្ងៃទី១ សីហា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងសន្តិសុខចិន និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា-ចិន មានទំនាក់ទំនងការទូតជិតស្និទ្ធ ជាមួយគ្នាប្រមាណជាង៦ទសវត្សរ៍ ហើយដោយមានការឯកភាពគ្នា រវាងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងការកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃ «ការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» គឺជាការបន្តបើកច្រកក្នុងការជំរុញ កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ក៏ដូចជារវាងប្រជាជន និងប្រជាជនទាំងពីរ ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខចិន បានអញ្ជើញលោកនិងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន ខាងមុខនេះ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីភាគីចិន។

ជាការឆ្លើយតប លោក Wang Wenbin បានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងត្បូងពេជ្រ ដ៏យូរអង្វែងរវាងប្រទេសកម្ពុជា-ចិន ។

លោក Wang Wenbin និងលោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឲ្យ កាន់តែល្អប្រសើរថែមទៀត ៕

To Top