ព័ត៌មានជាតិ

លោក ឆាយ ប្ញទ្ធិសែន ដឹកនាំក្រុមអ្នកបច្ចេកទេស ពិនិត្យស្ថានភាពផ្លូវ នៅស្រុកសំរោង និងស្រុកត្រាំកក់

តាកែវ ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ សីហា បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាត​ ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន១ខ្សែប្រវែង៩ ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

សូមជម្រាបជូនផងដែរថា​ គម្រោងផ្លូវមួយខ្សែនេះ​មានប្រវែងជាង៩គីឡូម៉ែត្រ បានត្រូវដាក់ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលអនុវត្តដោយក្រសួងចំនួន៣រួមគ្នា គឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ដែលបាននិងកំពុងធ្វើការកែលម្អផ្លូវជនបទនៅក្នុងសហគមន៍កសិកម្ម ចំនួន៤១កន្លែង ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទ មានភារកិច្ចស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង​ ហើយនឹងត្រូវចាប់ផ្តើមស្ថាបនានាចុងឆ្នាំ​ ២០២៤នេះ៕

To Top