ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ នាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព យ៉ាងហ្មត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលរសៀល និងរាត្រីថ្ងៃទី៥ សីហា ខណៈការដំឡើងឆាកប្រគំតន្ត្រី បាននិងកំពុងរៀបចំយ៉ាង ញាប់ដៃញាប់ជើង ។

នាថ្ងៃ២ សីហានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រផងដែរ ។

យោងតាមខ្លឹមសារកិច្ចប្រជុំ ត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាព កម្លាំងមានសមត្ថកិច្ចទាំងអស់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងសហការ របស់នាយកដ្ឋានអង្គរក្ស បានរៀបចំផែនការ យ៉ាងហ្មត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗ ដែលបង្កឡើងពីក្រុមជ្រុលនិយម ត្រៀមកម្លាំង និងរថយន្តសង្គ្រោះ ពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ ។ បន្ថែមពីនេះអាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន២តំបន់ធំៗនោះ គឺតំបន់Aនិងតំបន់B សំដៅធ្វើយ៉ាងណាឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោង ព្រែកជីកហ្វូណន-តេជោ ដំណើរការទៅដោយរលូន ដើម្បីបង្កភាពសប្បាយរីករាយ និងជោគជ័យ ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងនេះ ៕










