ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ សីហា បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំង ចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹង ជាមួយអាកាសយានិក២រូប កាលពីថ្ងៃទី១២ កក្កដា និងត្រូវបានរកឃើញនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរប្រកប ដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំង ប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួម ក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់ ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ស្វាមី កូន និងឪពុក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃក្រសួងការពារជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកស្រី បានចាត់នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកអំណោយទៅប្រគល់ជូនលោក ខូយ រីដា ដើម្បីគាំទ្រ ដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ រួមមាន អង្ករ ៧តោន ត្រីខកំប៉ុង ៤០កេសធំ មី ៣៥កេសធំ អាវភ្លៀង ១០០កំប្លេរ និងតង់ធំ ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល ៕


