ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យកិច្ចពិភាក្សា សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការងារសមរម្យ ឈរលើភាព ប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ ជជែកពិភាក្សាអំពីការងារ សមរម្យនៅកម្ពុជាដោយឈរលើភាព ប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ ។

ការស្នើបែបនេះ គឺធ្វើឡើងក្នុង ពេលដែលលោករដ្ឋមន្ត្រី បានធ្វើជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារ សមរម្យប្រចាំ ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិ ខាងការងារ(ILO) តំណាងសហជីព និងតំណាងនិយោជកជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ហើយដែលកម្ពុជាបានបង្កើតឱ្យមានសិក្ខាសាលាត្រីភាគីថ្នាក់ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។
បើតាមលោករដ្ឋមន្ត្រី អង្គសិក្ខាសាលា នឹងបើកការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តានៃសេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់ជាសូចនាករក្នុងការអនុវត្តលើសសរស្តម្ភទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្តបានដើម្បីធានាបានជាប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។

ចំពោះការកសាង មូលធនមនុស្ស លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ នៃពេលវេលា ដែលត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ ដល់កម្មករនិយោជិត ឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាព នៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួម ដើម្បីភាពប្រសើរឡើង បន្ថែមទៀតក្នុងវិស័យ ។

ដោយឡែកកត្តាសេដ្ឋកិច្ចវិញ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ ឱ្យអង្គសិក្ខាសាលាគួរផ្តោត និងវាយតម្លៃលើកត្តានៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និងបន្តផ្សព្វផ្សាយ អំពីកម្មវិធីថ្នាក់ជាតិ ស្តីពីការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំ សុខភាពដល់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយការចំណាយ និងការធានាបាននូវ សុខភាពល្អពេញលេញ ។

សម្រាប់ចំណុចទំនាក់ ទំនងវិជ្ជាជីវៈ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើភាពរីកចម្រើនក្នុងសង្គមកម្ពុជា រយៈពេល១០ឆ្នាំចុងក្រោយ ដែលធ្វើឱ្យបរិយាកាស នៃការវិនិយោគក៏ដូចជាភាព សុខដុមនីយកម្ម ក្នុងរោងចក្រក៏កាន់តែប្រសើរឡើង គួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជានៅសល់បញ្ហាតិចតួចក៏ដោយ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុង ទំនាក់ទំនងវិជ្ជាជីវៈជាពិសេសតំណាងសហជីព ត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទី របស់ខ្លួនឱ្យបានច្បាស់លាស់ចៀសវាង ការប្រតិបត្តិហួសតួនាទីដើម្បីក្លាយជាភាគីដែលមានភាព ជាតំណាង សម្រាប់កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាល ក្នុងវិស័យការងារ លោក បានស្នើ និងអំពាវនាវកុំឱ្យមានការរើសអើង សហជីពនៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ ក្នុងសង្គមជាតិ។

ទោះបីជាបែបណា ក៏ដោយ លោក ហេង សួរ បានបន្ថែមថា ភាពជោគជ័យពិតប្រាកដ នៃការអនុវត្តកម្មវិធីការងារ សមរម្យនៅកម្ពុជា គឺជាការព្រម ទទួលយកដោយភាពឈ្នះៗ របស់គ្រប់ភាគី ទាំងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដែលជាអាណាព្យាបាល ដោយឈរលើកត្តា នៃភាពប្រាកដនិយម ជាក់ស្តែង និងអនុវត្តបានដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់ឈរ សម្រាប់កម្ពុជា៕

To Top