ព័ត៌មានជាតិ

ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ នៅសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួន នៅរាជធានីភ្នំពេញ ។

មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ ឬ ផ្ទាំងសំពត់ស និង ជាជំហានដំបូង ក្នុងការនាំពួកគេ ឱ្យក្លាយជាផលិតករ ភាពយន្ត ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ នៅថ្ងៃទី២ ខែសីហានេះ លោក ប៉ុក បូរក្សប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មការរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ បានជំរុញលើកទឹកចិត្តដល់យុវជនឱ្យចូលរួមប្រកួតប្រជែងនូវ មហោស្រពជាតិភាពយន្ត ខ្នាតខ្លី កម្ពុជាលើកទី៤នេះ ឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ ថវិកាលើកទឹកចិត្ត និងកិត្តិយស់ ។

លោកបញ្ជាក់ថា៖ « ការរៀបចំសន្និសីទសារព័ត៌មាន របស់យើងនៅថ្ងៃនេះ ចង់បញ្ជ្រាបនូវព័ត៌មាន ដល់សាធារណជន ជាពិសេសយុវផលិតករ វ័យក្មេងរបស់យើង ផលិតនូវស្នាដៃភាពយន្ត ចូលរួមផលិត ជាភាពយន្ត ចូលប្រកួតប្រជែងឱ្យបានច្រើន។ គោលដៅសំខាន់ឱ្យយុវជន បង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ តាមរយៈភាពយន្ត ។ ជាវេទិកាវាស់ស្ទង់ សមត្ថភាពស្នាដៃរបស់ខ្លួន ។ ព្រឹត្តិការណ៍មហោស្រពនេះ គឺបានចូលរួមចំណែក ថែរក្សាវប្បធម៌ជាតិ បង្ហាញពីកត្តាសុខសន្តិភាព ដែលកម្ពុជាអាចធ្វើបាន ។ »
លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះភាគីពាក់ព័ន្ធនានា ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ មហោស្រពឆ្នាំនេះ ។

លោកបន្តថា ចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៦មក មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើងថែមទៀត ។

ជាមួយគ្នានេះ លោកចាប់អារម្មណ៍ខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដែលផ្តោតសំខាន់លើជំនាញ សរសេរអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង ជំនាញថតភាពយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ក្នុងរយៈពេលបីខែគិតពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២៤ ដែលជាការបណ្តុះបណ្តាលនេះបានផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពចំណេះដឹងមូលដ្ឋានបន្ថែមទៀត លើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត ជូនដល់យុវផលិតករវ័យក្មេងរបស់យើង ។
សកម្មភាពនេះ ក៏បានរួមចំណែកសំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្ម ភាពយន្តកម្ពុជាឱ្យមានការរីកចម្រើន ប្រកបដោយចីរភាពនៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ជ័យលាភីលេខ១ទទួលបានពានមាស អមដោយថវិកា៣០០០ដុល្លារ ខណៈលេខ២ទទួលបានពានប្រាក់ អមដោយថវិកា២០០០ដុល្លារ និងលេខ៣ទទួលបានពានសំរិទ្ធ អមដោយថវិកា ១០០០ដុល្លារ ។ ចំណែកចំណាត់ថ្នាក់លេខ៤ ជាពានរង្វាន់មេប្រយោគ ទទួលបានពានអម ដោយថវិកា ១០០០ដុល្លារ និងលេខ៥ ជាពានរង្វាន់ទស្សនិកជន ទទួលបានពាននិងអំណោយតម្លៃ ចន្លោះពី១០០០ទៅ២០០០ដុល្លារ ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top