ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា បានធានាអះអាងថា កិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម នឹងមិនឱ្យកម្ពុជា មានការបាត់បង់ទឹកដីខេត្តណាមួយឡើយ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ នារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើយកប្រធានបទកិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ CLV មកបកស្រាយជូនសាធារណជន ដោយសម្តេចធិបតី ឆ្លើយតបកុំឱ្យមានមតិសាធារណជនថា នាយករដ្ឋមន្ត្រីមិនមានប្រតិកម្មអ្វីសោះ។
ក្នុងនោះសម្តេចធិបតី បានលើកថា “មានរឿងដែលខ្ញុំត្រូវនិយាយ បើមិននិយាយមិនបាន។ ព្រោះមានគេសួរថា ហេតុអ្វីក៏នាយករដ្ឋមន្ត្រី នៅស្ងៀមម្ល៉េះលេីប្រធានបទនេះ ប្រធានបទនេះវាពាក់ព័ន្ធសេដ្ឋកិច្ច សង្គម នយោបាយ សន្តិសុខជាតិ ពាក់ព័ន្ធទៅនឹងអាជីវកម្ម ស្ថេរភាព របស់ប្រទេស ពាក់ព័ន្ធទៅនឹងសុខសន្តិភាព និងចីរភាពនៃនិរន្តរភាពសេដ្ឋកិច្ច និងការបង្រួបបង្រួមជាតិរបស់យើង បើមិនយកចិត្តទុកដាក់” ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ប្រធានបទដែលខ្ញុំចង់លើកចុងក្រោយនេះ គឺរឿង CLV នេះឯង ខ្ញុំឃើញ គឺការអភិវឌ្ឍតំបន់ត្រីកោណ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ យើងបានឃើញប្រធានបទនេះ បានលើកយកមក ធ្វើការបកស្រាយ វែកញ៉ែក ដែលប្រធានបទនេះ វាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ គឺស្មារតីជាតិនិយមនេះ គឺធំណាស់ ហើយស្មារតីជាតិនេះ យើងគ្រប់គ្នាត្រូវតែមាន បើសិនជាយើងគ្មានស្មារតីជាតិនិយម យើងគ្មានជាតិនោះទេ បើខ្មែរមិនស្រលាញ់ខ្មែរ គ្មានពីណាស្រលាញ់ខ្មែរនោះទេ ប៉ុន្តែស្មារតីជាតិនិយម ជាអាវុធមុខពីរ បើស្មារតីជាតិនិយម ប្រើប្រាស់នៅក្នុងផ្លូវទិសដៅត្រូវ វានឹងជួយឱ្យមានការឯកភាពជាតិ ថែរក្សាសន្តិសុខ ស្ថេរភាព និងការរួមគ្នា ដើម្បីថែរក្សានូវនិរន្តរភាព សន្តិភាពក្នុងប្រទេសរបស់យើង ប៉ុន្តែបើជាតិនិយម នៅក្នុងស្មារតីផ្សេង អាចនាំឱ្យមានការបែកបាក់ ហើយនេះហើយជាកិច្ចការសំខាន់ ត្រូវបងប្អូនទាំងអស់របស់យើង ទាំងនៅទីនេះ ទាំងអ្នកនៅផ្ទះ ទាំងអ្នកនៅក្រៅប្រទេស ត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីធាតុពិត នៃប្រធានបទនេះ” ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា “ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបកស្រាយ និងសុំធានា ជាមួយប្រជាពលរដ្ឋ កម្មវិធី ឬមួយកិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណនេះ គឺនឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពនោះទេ នេះគឺជាការធានា” ៕