ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សម្រេចកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីមួយចំនួន ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ។
ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពី នាថ្ងៃទី២ សីហា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអាជ្ញាធរជាតិអប្សរា ឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ។
បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលដៅបង្កភាពងាយស្រួលជូនដល់សាធារណជន ជាភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទាំងអស់ អាជ្ញាធរជាតិអប្សរា បានកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬ រូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖
ក. រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖
១-ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។
២-ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ស្បតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។ និង៣-ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។
ខ. រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែលមានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។
គ. រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននានា និងការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។
ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ជូននូវតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មីរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕







