ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយជូនក្រុមសិល្បករក្រីក្រ សិល្បករពិការ និងសិល្បករវ័យចាស់ ដែលមានជំនាញលើវិស័យវប្បធម៌ ចំនួន ៥០៥នាក់ ។


ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា នាថ្ងៃទី២ សីហា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនឯកជនមួយ។






នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី និងសិប្បករ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបន្តជំរុញការថែរក្សាការពារ និងបណ្តុះបណ្តាលសិល្បៈវប្បធម៌ដល់យុវជនជំនាន់ក្រោយ៕
