ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា មានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់ និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិ ទោះក្នុងតម្លៃណាក៏ដោយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើង ៦ចំណុច ចំពោះរបងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា៖

១. កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាងដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។

២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួច ដើម្បីធ្វើជាខ្សែក្រវាត់ទី២បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែននិងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។

៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើង ដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។

៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។

៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។

ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅនិងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្សនិងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕

To Top