ព័ត៌មានជាតិ

សម្ដេចធិបតី ធានាអះអាងថា ក្រោយព្រែកជីកហ្វូណន តេជោ សាងសង់រួច នឹងមិនធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទេ

ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ចូលរួមអបអរសាទរ ពិធីបើកសម្ពោធព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រង ដោយក្រុមហ៊ុនខ្មែរ។

សម្តេចធិបតីបានថ្លែងបន្តក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៀតថា ការធ្វើឲ្យគម្រោងព្រែកជីកហ្វូណន តេជោលេចចេញ ជារូបរាងនារយៈពេល៥ឆ្នាំទៀត នឹងធ្វើឲ្យមនុស្ស មួយចំនួនគិតតែនាំគ្នាភ័យព្រួយ និងសង្ស័យរឿង បាត់បង់ អធិបតេយ្យជាតិ បានឃើញតែច្បាស់ និងលែង សង្ស័យទៀត ព្រោះគម្រោងនេះ មិនត្រឹមតេនាំឲ្យពលរដ្ឋខ្មែរ បានផលប្រយោជន៍នោះទេ តែបានរក្សាទឹកដីទៀត ។

ដូច្នេះដើម្បីសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឲ្យបាត់បង់ អធិបតេយ្យជាតិ សម្ដេចធិបតី បានឲ្យរួមសាមគ្គីគ្នា ធ្វើយ៉ាងណា ត្រូវនាំគ្នាធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ ។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំហ៊ានធានា»

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ៥ឆ្នាំក្រោយ បន្ទាប់ពីព្រែកជីកហ្វូណនតេជោនេះដំណើរការសាង់សងរួចរាល់ហើយ នឹងមិនធ្វើឲ្យបាត់បង់ទឹកដីនោះ បើសិនជាមានការបាត់បង់មែនពលរដ្ឋខ្មែរ មករករឿងសម្ដេចចុះ ។

សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង សរុប១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹកធម្មជាតិ ប្រមាណ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ ។

គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោនេះ មានគោលបំណងរួម ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តគោល នយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នា រវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធ ភស្តុភារកម្មជាតិ ៕

To Top