ភ្នំពេញ ៖ ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព បច្ចេកវិទ្យាឌីជីថល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ការផ្តល់សេវាសាធារណៈ ប្រកបដោយដោយ ទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង នាថ្ងៃទី៤ សីហា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកថា ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ជាកត្តានវានុវត្តន៍ចម្បង ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមការវិវត្តជាសកល នាពេលបច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា អាណត្តិទី៧ នេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងទិន្នន័យគ្រប់គ្រង មន្ត្រីទាំងរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងនគរបាលពន្ធនាគារ ចាប់ពីពេលចូល ក្របខណ្ឌរហូតដល់ចូលនិវត្តន៍ ដើម្បីធានាឲ្យប្រាកដថា ថ្នាក់ដឹកនាំ និងមន្ត្រី មានធនធានសមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវច្បាស់លាស់ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ក្នុងនាមជាអ្នកផ្តល់ ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់តាម ដានរាល់សកម្មភាពផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត តាមបណ្តាញសង្គមនានា និងត្រូវត្រៀម លក្ខណៈបំភ្លឺបានទាន់ពេលវេលា និងឈានទៅមានវិធានការ តាមផ្លូវច្បាប់ ចំពោះជនបង្កភ្លាមៗដែរ ដោយមិនត្រូវទុក ឲ្យបញ្ហានោះ បង្កឲ្យកើតមានអស្ថិរភាព ឬអសន្តិសុខសង្គម រំខានដល់ភាពសុខសាន្ត របស់ប្រជាជននោះឡើយ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំផងដែរ ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ យកចិត្តទុកដាក់ការផ្តល់ សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្សឆ្លងដែន ការជួញដូរអាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ឱ្យបានជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ទាំងតាមរយៈ វិធានការអប់រំណែនាំ និងតាមរយៈវិធានការច្បាប់៕