ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីអបអរសាទរ ការបើកការដ្ឋាន សាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ពិធីអបអសារទរនេះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ មន្ដ្រីរាជការស៊ីវិល, កងកម្លាំងនគរបាលជាតិ, មន្ដ្រីពន្ធនាគារ, អគ្គារធិការដ្ឋាន, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋាន និងអង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដែលពិធីនេះ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ។

តាមរយៈសារអបអរសាទរ របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមសម្ដែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយបងប្អូនជនរួមជាតិ ទូទាំងកម្ពុជា និងនៅលើសកលោក ក្នុងឱកាសនៃពិធីការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ។

លោក ឧបនាយករដ្ឋមន្ដ្រី ក៏បានសម្តែងនូវការគាំទ្រយ៉ាងក្លៀវក្លាចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានផ្តួចផ្តើម និងសម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយក្នុងការកសាង «ព្រែកជីកហ្វូណនតេជោ» បម្រើដល់ឧត្តមប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ជាតិ និងប្រជាជនកម្ពុជា។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងប្រវត្តិសាស្ត្រដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ គម្រោងនេះផ្តួចផ្តើម ឡើងដោយសម្តេចតេជោ ហ៊ុន សែន ហើយអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែមានការរីកចម្រើន ឈានទៅមុខមួយកម្រិតថែមទៀត។

ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែប នៃព្រែកជីកនេះ ដែលនឹងក្លាយជា៖ បណ្តាញតភ្ជាប់ឡូជីស្លឹក និងប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹកកាន់តែមាន ភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងជំរុញការ វិនិយោគ វិស័យទេសចរណ៍តាមផ្លូវទឹក , ការអភិវឌ្ឍដល់ វិស័យពាក់ព័ន្ធសំខាន់ៗដទៃទៀត រួមចំណែកដល់ការ លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ ដែលព្រែកជីកហូរកាត់ និងការជំរុញកំណើន សេដ្ឋកិច្ចជាតិផងដែរ៕





