ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃ៥ សីហានេះ បានដឹកនាំបណ្តានាយកដ្ឋាន ចំណុះអគ្គភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើពិធីវាយជួង ទូងស្គរ ដើម្បី អបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅម៉ោង ៩៖៩ នាទីព្រឹកនេះ។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ធំមួយទៀត របស់កម្ពុជា ដែលប្រជាជនកម្ពុជា នៅគ្រប់ទិសទីទាំងអស់ ចងចាំមិនភ្លេចថា គឺជាថ្ងៃបើកការដ្ឋានជាផ្លូវការ សាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលការបើកការដ្ឋាននេះ បានធ្វើឡើងក្រោមអធិបតី ភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

គម្រោងយក្សមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងបានគាំទ្រយ៉ាងពេញទំហឹង ថែមទាំងនាំគ្នាវាយជួង ទូងស្គរ និងរគាំង អបអរ សាទរ នៅទូទាំងប្រទេសផងដែរ ៕







