ព័ត៌មានជាតិ

បញ្ជូនជនជាតិ ម៉ាឡេស៊ីម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីរកស៊ីកម្ចី អនឡាញខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានញ្ជូនបុរសម្មាក់ ឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិម៉ាឡេស៊ី ពាក់ព័ន្ធទៅនឹងករណី រកស៊ីកម្ចីអនឡាញខុសច្បាប់ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ នេះ បើតាមនាយកដ្ឋានប្រឆំាងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនបុគ្គលខាងលើ មកកាន់ នាយកដ្ឋាន ដើម្បីសាកសួរ តបតាមបណ្ដឹង និងសេចក្ដីរាយការណ៍ ដែលប្ដឹងចូលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារ ក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញ។

បើតាមប្រភពដដែល ក្រោយការសាកសួរ បុគ្គលនេះបានប្រាប់ថា ខ្លួនចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកសុីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារខ្លួនជាអ្នកទំនាក់ទំនងរកភ្ញៀវ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺខ្លួនជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥%ទៅ១៨%ក្នុងរយ:ពេល២០ថ្ងៃ ដែលជាការបើកកម្ចីប្រាក់ តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញាត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ប្រភពដដែលសង្កត់ធ្ងន់ថា « ក្នុងករណីភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្សពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកសុីរបស់អ្នកខ្ចី ហើយថែមទាំងយករូប របស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួច យកទៅបង្ហោះគំរាម បរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណ តាមហាងមុខផ្ទះរបស់អ្នកខ្ចី ដែលសកម្មភាពនេះ បង្កឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាចនិងធ្វើឲ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់ សារធារណៈសង្គម ។ បច្ចុប្បន្ន បុគ្គលនេះត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត»។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្ត ក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថា​ តើអ្នកផ្តល់កម្ចីនោះ​មានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវ ហានិភ័យនានានៅពេលក្រោយ៕

To Top