ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជាមានសមត្ថភាព និងម្ចាស់ការសាងសង់ ព្រែកជីកហ្វូណនតេជោ

កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ​ នាពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការ ក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា សម្តេចធិបតី មានប្រសាសន៍ សូម្បីតែទេវតា ក៏បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដោយសម្ដេចរំលឹកថា រាជរដ្ឋាភិបាលមានគម្រោងបើកការដ្ឋាននៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្តែការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយភាពច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងធ្វើកិច្ចការនេះ ទើបបានរំកិលពេលវេលាមកដើមខែសីហានេះ ។

សម្ដេចធិបតីបន្តថា «មិនមែនរំកិលដើម្បីគ្រាន់តែរូបភាពទេ គឺរំកិលពេលវេលាដោយសារតែយើងមានសមត្ថភាពគ្រប់គ្រាន់ និងភាពម្ចាស់ការ នៅក្នុងការកសាង ហើយនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ។ យើងត្រូវតែធ្វើឲ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ជាតិរបស់យើង»។

សូមរំលឹកថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងប្រវត្តិសាស្ត្រដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ៕

To Top