ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងផ្ដល់សំណងយ៉ាងសមស្រប ដល់ពលរដ្ឋរងផលប៉ះពាល់ តាមបណ្ដោយព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅតាមបណ្ដោយ ព្រែកជីកហ្វូណនតេជោ ។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តជាតិ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបញ្ជាក់ថា «ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លី ផ្ទះសំបែង ស្រែចំការដែលនឹងរងផលប៉ះពាល់ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំបាទសូមធ្វើការបញ្ជាក់អះអាងជូន បងប្អូនថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការនឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានាការផ្ដល់សំណងយ៉ាងសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ពីបញ្ហាផលប៉ះពាល់នេះ» ។

លោកថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃស្ថាប័ន ទទួលបន្ទុកអនុវត្តន៍ ធ្វើការប្ដេជ្ញាចិត្តប្រកបដោយឆន្ទះខ្ពស់ ចូលរួមការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឲ្យបានជោគជ័យ និងលេចចេញជារូបរាង ក្នុងឆ្នាំ២០២៨ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់បន្តទៅមុខទៀត ។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ៕

To Top