ភ្នំពេញ ៖ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងរវាងរថយន្តនិងរថយន្ត កាលពីថ្ងៃ៤ សីហា នៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងខេត្តតាកែវ បានធ្វើឲ្យស្លាប់មួយគ្រួសារទាំងឪពុក-ម្តាយ និងកូនៗ៣នាក់ (ទារកនៅក្នុងផ្ទៃម្តាយអាយុ៣ខែ)។ នេះបើតាមហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃ៥ សីហា ។



ក្នុងឱកាសនាំយកសម្ភារៈថវិកាទៅចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពចំនួន៥នាក់ ឪពុក ម្ដាយ និងកូន៣នាក់ លោកអភិបាលខេត្តបានអំពាវនាវដោយទទូចដល់ពលរដ្ឋដែលជាអ្នកបើកបរឡាន ម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។ ដោយមិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ ត្រូវប្រកាន់ស្ដាំជានិច្ច ត្រូវគោរពល្បឿនដែលកំណត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ៕


