ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណមួយចំនួន ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ។
ការចេញមកបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីបច្ចុប្បន្នក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok… ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។
ក្រសួងសុខាភិបាល បញ្ជាក់ថាការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះពុំមានចុះបញ្ជីកានៅក្រសួងសុខាភិបាលឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៥ សីហា បានគូសបញ្ជាក់ថា «ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និង ផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់» ។
ក្រសួងបន្ថែមថា ជុំវិញបញ្ហានេះដែរ ដែលធ្វើឲ្យពលរដ្ឋមានការយល់ច្រឡំ រហូតដល់ការទិញផលិតផលទាំងនោះមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលអាច មានផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាព ដូចជា ៖ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឲ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្តាលឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង ។
ក្នុងនោះការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែល
គ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឲ្យមានជំងឺសរសៃប្រស ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគ ជាដើម។
ទន្ទឹមនឹងនោះដែរ ខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថ បុរាណគ្មានចុះបញ្ជីកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់។
កង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឲ្យមានកង្វះអាហាររូបត្ថម្ភធ្វើឲ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ ។
ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានណែនាំដល់ពលរដ្ឋ និងអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ៕