ព័ត៌មានជាតិ

សម្តេចធិបតីបង្ហើបថា មានប្រទេសមួយ ប្រាប់សម្តេចប្រយ័ត្នបាត់ខេត្តព្រះសីហនុ បើបន្តឲ្យប្រទេសមួយទៀតអភិវឌ្ឍន៍

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងងថា ធ្លាប់មានប្រទេសមួយ មកប្រាប់សម្តេចដោយផ្ទាល់ កុំឲ្យទុកចិត្តលើប្រទេសមួយទៀត ប្រយ័ត្នបាត់បង់ខេត្តព្រះសីហនុ តាមរយៈការអភិវឌ្ឍ ប៉ុន្តែសម្តេចតបថា គ្មានអ្នកណាព្រួយបារម្ភជាងខ្មែរនោះទេ ខណៈម៉ោងនេះខេត្តព្រះសីហនុនៅតែជារបស់ខ្មែរដដែល។

ក្នុងន័យនេះ សម្តេចធិបតីចង់បញ្ជាក់ថា ប្រជាជនខ្មែរ មិនល្ងង់ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថ្លឹងថ្លែង អ្វីល្អ អ្វីអាក្រក់ ដោយមិនឲ្យកម្ពុជា ត្រូវបានប្រទេសណាមួយ មកគ្របដណ្តប់ធ្វើឲ្យបាត់បង់អធិបតេយ្យភាពរបស់ខ្លួនឡើយ ផ្ទុយទៅវិញ កម្ពុជាបានខិតខំពង្រឹងខេត្តជាប់សមុទ្រ ឲ្យមានសក្តានុពល និងក្លាយជាគ្រាប់ពេជ្ររបស់កម្ពុជា ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះ សម្តេចធិបតី មានប្រសាសន៍ថា “មានគេមកប្រាប់ខ្ញុំ ប្រទេសខ្លះមកប្រាប់ខ្ញុំ ថានែកឲ្យប្រទេសខ្លះ មកវិនិយោគខ្លាំង នៅកំពង់សោម(ខេត្តព្រះសីហនុ) តិចទៀត ខ្មែរបាត់អធិបតេយ្យភាព ខ្ញុំប្រាប់វិញថា ខ្ញុំសូមអរគុណហើយ ប្រទេសណាគេមានមហិច្ចតាអី គេចង់បានស្អីរឿងរបស់គេ” ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ពីការឆ្លើយតបរបស់សម្តេចថា “គ្មានពីណាព្រួយបារម្ភជាងខ្មែរ ជាងខ្មែរខ្លួនឯងទេ ខ្ញុំសូមអរគុណហើយ ដែលឯកឧត្តម មកប្រាប់ខ្ញុំនោះ” ។

ក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ខ្មែរ រដ្ឋាភិបាលខ្មែរ មន្ត្រីរបស់ខ្មែរ ប្រជាជនរបស់ខ្មែរនៅហ្នឹងង មើលហ្នឹង ប្រជាពលរដ្ឋខ្មែរ មិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរ អ្វីល្អ អ្វីអាក្រក់ ។ ចឹងខ្ញុំអរគុណ ប្រទេសមួយដែលមកប្រាប់ខ្ញុំថា កុំទុកចិត្តប្រទេសមួយទៀត ព្រោះគេចង់បានកន្លែងហ្នឹង តាមរយៈការធ្វើសកម្មភាពនៅកំពង់សោម ។ ឥឡូវមកដល់ម៉ោងនេះ កំពង់សោម បាត់អធិបតេយ្យភាពទេ?​ បងប្អូនទៅកំពង់សោម សុំវីសាទេ? អត់ទេ មិនត្រឹមតែប៉ុណ្ណឹងទេ យើងបានដាក់គោលនយោបាយ…តិចទៀតប្រកាសគោលនយោបាយ យើងធ្វើ៥ឆ្នាំហើយ ដើម្បីពង្រឹងខេត្តជាប់សមុទ្ររបស់យើងជាសក្តានុពល ជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់ពីណានោះទេ ។ យើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង ។

សូមរំលឹកថា ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្ររបស់ខ្មែរ ដែលមានសក្តានុពលខ្លាំង និងបានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័ស នាប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការបណ្តាក់ទុនវិនិយោគពីប្រទេសចិន លើការសាងសង់សំណងគារខ្ពស់ៗ ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ នាំឲ្យប្រជាពលរដ្ឋរស់នៅខេត្តមួយនេះ ទទួលបានធម្មនុញ្ញផលជាច្រើន ប៉ុន្តែខេត្តនេះ ហាក់ជាប់គាំងផ្នែកសំណង់អាគារជាច្រើនវិញផងដែរ ក្រោយជួបវិបត្តិកូវីដ១៩កន្លងទៅ ហើយរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញគោលនយោបាយនានា ជំរុញលើកស្ទួយខេត្តមួយនេះឲ្យមានសន្ទុះឡើងវិញផងដែរ៕

To Top