ព័ត៌មានជាតិ

លោក វ៉ាង វិនពិន៖ ការិយាល័យប្រចាំបរទេសទី១ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និងថវិកាផ្តល់បានច្រើនជាងគេ គឺកម្ពុជា

ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការិយាល័យប្រចាំបរទេសទី១ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍចិន គឺនៅកម្ពុជា ហើយថវិកាបានផ្តល់ច្រើនជាងគេ ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍចិន ចំពោះបរទេស ក៏ជាកម្ពុជាដែរ ។

ការលើកឡើងរបស់លោកទូតចិនខាងលើនេះ ក្នុងពិធីអបអរសាទរខួប៥ឆ្នាំ​ ថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋគារសុខាភ្នំពេញ ។

ក្នុង​ឱកាសនេះ លោក វ៉ាង វិនពិន បានលើកឡើងថា គម្រោងជាច្រើន នៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ទៅជាភូមិគំរូ​មិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ, សាលារៀន អណ្តូងទឹក មន្ទីរពេទ្យជាដើម បានក្លាយទៅជាសមទ្ធផល គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រត្តិបត្តការ រវាងអង្គការសង្គមស៊ីវិល រវាងប្រទេសទាំងពីរ ដែលបានជួយកែលម្អ និងផ្តល់ភាពងាយស្រួល ដល់ប្រជាជននៅមូលដ្ឋាន ។

លោកទូតចិន បញ្ជាក់ថា “ការិយាល័យប្រចាំបរទេសទី១ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍចិន គឺនៅកម្ពុជា ហើយថវិកាបានផ្តល់ច្រើនជាងគេ ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍចិន ចំពោះបរទេស ក៏ជាកម្ពុជាដែរ ។ ខ្ញុំគិតថា ចំណុចនេះ សមហេតុផលណាស់ ដោយសារប្រទេសយើងទាំងពីរជាមិត្តដែកថែប ។ ចំពោះមិត្តភាពដែកថែប យើងគួរតែជួយឱ្យអស់កម្លាំងកាយចិត្ត” ។

ថ្លែងក្នុង​ឱកាសនេះដែរ លោក វង្សី វិស្សុត បានលើកឡើងថា “ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រទេសកម្ពុជា និងប្រទេសចិនបានកសាងនូវសមិទ្ធផលរួមគ្នាជាច្រើន រួមទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងបានបំពេញនូវ ចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ព្រមទាំងជំរុញនូវការផ្សារភ្ជាប់រវាង «គំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ជាមួយនឹង «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» និងជាពិសេស សហការគ្នាអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆានិងអង្ករ” ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយប្រកប ដោយអត្ថន័យយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ ភាពជោគជ័យ និងចែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅនាំមកនូវភាពសុខដុមរមនា កាន់តែប្រសើរជូនចំពោះប្រជាជនទាំងពីរ”។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ​ បានគូសបញ្ជាក់ថា “ជាការពិត, កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ក្នុងវិស័យសង្គមស៊ីវិលនេះ កើតចេញពីផ្លែផ្កា នៃមិត្តភាពដែកថែប រវាងប្រទេសយើងទាំងពីរ ដែលឆ្លងកាត់ប្រវត្តិនៃទំនាក់ទំនងជាប្រពៃណី តាំងពីយូរលង់ណាស់មកហើយ, និងត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់ថ្មីរបស់យើង ដើម្បីលើកកម្ពស់នូវបរិយាកាស​ ឱ្យកាន់តែមានភាពអំណោយផល និងល្អប្រសើរ ដល់ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើគ្រប់វិស័យ។ ក្នុងស្មារតីនេះ, “ខួប៥ឆ្នាំ ថ្ងៃ បង្កើតការិយាល័យរបស់CFPDប្រចាំកម្ពុជា” នាពេលនេះ, មិនគ្រាន់តែជាការបូកសរុបសមិទ្ធផល ដែល CFPD សម្រេចបានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក, និងកំណត់ទិសដៅការងារទៅអនាគត នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាព ដែលឆ្លុះបញ្ចាំងនូវ បង្គោលចរដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការ កសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ជាមតិចំណាប់អារម្មណ៍ ដែលបានចូលរួមកម្មវិធីខាងលើ លោក សយ សុភា និពន្ធនាយក សារព័ត៌មានដើមអម្ពិល បានលើកឡើងថា “ខ្ញុំ ពិតជារីករាយឥតឧបមា កាលបើបានលឺប្រសាសន៍ របស់ ឯកឧត្តម Liu Jianchao រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃមជ្ឈិមបក្សកុម្មួយនិស្តចិន អបអរសាទរ ខួបទីប្រាំឆ្នាំនៃការបង្កើត ការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ដែលបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងប្រទេសទាំងពីរ ដូចដែលលោក មានប្រសាសន៍ថា បានឆ្លងកាត់ការសាកល្បង នៃស្ថានភាពអន្តរជាតិ មានភាពរឹងមាំដូចថ្ម ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែង លើកគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ ។ ឈានចូលក្នុងយុគសម័យថ្មី ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់មេដឹកនាំនៃប្រទេសទាំងពីរ ចិននិងកម្ពុជា ទទូចឱ្យមានការចែករំលែកជោគវាសនារួមគ្នា និងជួយគ្នាទៅវិញទៅមក ហើយទំនាក់ទំនងប្រទេសទាំងពីរ បានឈានចូលដំណាក់កាលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ៕

To Top