ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន ជាច្រេីនចាប់អារម្មណ៍ វិនិយោគ នៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា បៃតង និងឥណទានកាបូន

ភ្នំពេញ៖ តាមរយៈបេសកកម្មធុរកិច្ចនៅកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន (JETRO) ដែលមានក្រុមហ៊ុន ជប៉ុនចំនួន ១៩ បានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើបរបស់ជប៉ុន។

នេះបើតាមអ្វីដែលលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុង​ឱកាសនោះ លោកស្រី អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Mio Kawada បានជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ចនៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុន ចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគ នៅកម្ពុជា ក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើបរបស់ជប៉ុន។

ជាការឆ្លើយតបសម្ដេចធិបតី បានស្វាគមន៍ការ បន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវ ឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនង​ ជាមួយដៃគូធុរកិច្ចនៅកម្ពុជា។

សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រ​ លើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការធានានូវការអភិវឌ្ឍ ប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅ ជំរុញថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារ​ ដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួល ជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន៕

To Top