ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា ដើម្បីជំរុញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត CDC នឹងសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័ន ដើម្បីចូលរួមពិនិត្យដោះស្រាយ សំណូមពរ និងបញ្ហាប្រឈមនានា។
នាឱកាសអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (European Chamber of Commerce in Cambodia – EUROCHAM) ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតយន្តការមួយចំនួនដូចជា វេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនជាដើម ក្នុងគោលបំណងលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែង ដោយសម្របសម្រួល និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលជាក្តីកង្វល់របស់វិនិយោគិន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនដែលជាសមាជិក EUROCHAM ទាំងអស់ដែលបានពង្រឹងនិងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «ជាមួយនឹងឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលបានស្នើឡើងដោយសមាជិក EUROCHAM ឱ្យបានទាន់ពេលវេលា ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់»។

សូមរំលឹកថា ជំនួប នាពេលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យតំណាងគណៈកម្មការជំនាញ នៃ EUROCHAM បានជជែកពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញគោលគំនិតក្នុងការសម្របសម្រួលឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរ ពោលគឺមានភាពបត់បែនខ្ពស់ស្របតាមបរិបទសង្គមឌីជីថល កាត់បន្ថយពេលវេលាក្នុងការអនុវត្តនីតិវីធីនានា ព្រមទាំងលើកកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងគិតគូរដល់បរិស្ថាន៕
