ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃ៧ សីហា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូក៣ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានសាធារណរដ្ឋប្រជាមានិតចិន កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានសាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃ៨-៩ សីហា ។

កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ រដ្ឋមន្ត្រីសុខាភិបាលចិន រដ្ឋមន្ត្រីសុខាភិបាលកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាព ពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងនាយកនៃអង្គការជាដៃ គូអភិវឌ្ឍន៍នានា ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ ។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ធានានិរន្តរភាព ការយកចិត្តទុកដាក់ និងដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ការយកចិត្តទុកដាក់ និងនិរន្តរភាពតាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែល កំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល ការទទួលបានការថែទាំ និងការធានានូវសុវត្ថិភា ពចំណី អាហារ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន , ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗ ពាក់ព័ន្ធវិស័យសុខាភិបាល , ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីប្រកាសរួម នៃប្រជុំរដ្ឋមន្រ្តីសុខាភិបាល អាស៊ាន អាស៊ាន បូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាល អាស៊ានអាមេរិក និងរបាយការណ៍ របស់ឧត្តមមន្ត្រីសុខាភិបាល (SOMHD) , ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយ វិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។ ព្រមទាំងបញ្ជូនរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗ ដែលវិស័យសុខាភិបាលរបស់កម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅ សម្រេចបានការ គ្របដណ្តប់សុខភាព ជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាន នៃការគោរព ផលប្រយោជន៍គ្នាទៅវិញទៅមក៕






