ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបន្តពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ។
ភាគីទាំងពីរ លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ រវាង លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ចំពោះលោក វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត ។
លោក វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូន លោកឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ ។
លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ ។
លោកឧបនាយករដ្ឋមន្ត្រី និង លោក វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូត នៅកម្ពុជា លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការនាំមកនូវសមិទ្ធផលធំៗ បន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន ៕