ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើអ្នកសារព័ត៌មាន ផ្សព្វផ្សាយពីហានិភ័យ នៃមេរោគអេដស៍

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើអ្នកសារព័ត៌មាន បន្ដផ្សព្វផ្សាយ និងជំរុញឲ្យមានការយល់ដឹងពីហានិភ័យ នៃមេរោគអេដស៍ និងលើកទឹកចិត្តដល់អ្នកសង្ស័យមកធ្វើតេស្តរកមេរោគអេដស៍។

ក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា នាថ្ងៃ៨ សីហា លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា កម្ពុជា ជាប្រទេសដែលទទួលបានការទទួលស្គាល់ពីអង្គការយូអិនអេដស៍ដែល ឈរនៅលំដាប់កំពូលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។ ជោគជ័យរបស់កម្ពុជា គឺដោយសារមានសសរស្តម្ភ៣ សំខាន់៖ ១- ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ , ២- ភាពជាដៃគូ និង៣- ការវិនិយោគ។

លោកទេសរដ្ឋមន្ត្រីបន្ដថា ក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប ជាពិសេសក្នុងខែមីនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ចំពោះភាពជាដៃគូ បានសហការគ្នាជាមួយម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមៗគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាល បានចូលរួមចំណែកទិញឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។

តាមរយៈការចូលរួមក្នុងវេទិកាអន្តរជាតិក្នុងខែមិថុនា និងកក្កដា កន្លងទៅថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា បានបង្ហាញជូនអង្គការយូអិនអេដស៍ពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះ អង្គការយូអិនអេដស៍ បានទទួលស្គាល់ថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ផងដែរ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៨៩-៩៨-៩៨។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា «តាមតួលេខចុងក្រោយ អ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាមានចំនួន ១.២០០នាក់ ក្នុងឆ្នាំ២០២៣។ ដូច្នេះ យើងត្រូវចូលរួមឲ្យបានកាន់តែសកម្មទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយជំរុញឲ្យមានការយល់ដឹងពីហានិភ័យនៃមេរោគអេដស៍ និងឲ្យអ្នកសង្ស័យមកធ្វើតេស្តឲ្យបានច្រើន»។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឲ្យដឹងថា សិក្ខាសាលានេះ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយដែលដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងបេសកកម្មដើម្បីបញ្ចប់អេដស៍នៅឆ្នាំ២០៣០ ជាមួយរាជរដ្ឋាភិបាល ដូចជា ការផ្សព្វផ្សាយរឿងរ៉ាវជោគជ័យ និងបញ្ហាផ្សេងទៀតដែលប្រឆាំងនឹងការមាក់ងាយ និងការរើសអើង ចំពោះប្រជាជនដែលរងផលប៉ះពាល់សំខាន់ៗ និងអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍។

សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ដល់អតិថិជនជាង២លាននាក់ ក្នុង៤៧ប្រទេស ជុំវិញពិភពលោក ដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដោយឡែក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តការងារជាដៃគូយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែក រួមទាំងអង្គការដៃគូនានា៕

To Top