ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីយប់ថ្ងៃ៨ សីហា បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោងដែលបានធ្វើឲ្យ តំបន់មួយចំនួនទទួលរងការលិចលង់។

ក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាម ចេញពីមាត់លូដើម្បីឲ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការភ្នំពេញ ត្រូវលាងសំអាតផ្លូវដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់សម្ដេចដែរនោះ សម្ដេចបានណែនាំ លោក ឃួង ស្រេង ត្រូវតែយកចិត្តទុកដាក់សុខទុក្ខ និងដឹងពីក្ដីកង្វល់របស់ពលរដ្ឋ ដោយសារពួកគាត់ត្រូវធ្វើដំណើរ តាមផ្លូវនេះជារៀងរាល់ថ្ងៃ។

តាមការឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការភ្នំពេញ នៅយប់ថ្ងៃទី៨ សីហា មេឃបានបង្អុលភ្លៀងយ៉ាងខ្លាំង និងមានរយៈពេលពី២ទៅ៤ម៉ោង នៅតាមតំបន់មួយចំនួនធ្វើឲ្យកំរិតទឹកភ្លៀង ឡើងដល់១៤១មីលីម៉ែត្រ ហើយរងការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង បានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យ ស្ថានភាពទឹកភ្លៀងទាំងយប់ ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំក្រុមការងារ នៃមន្ទីរសាធារណការភ្នំពេញ បញ្ចេញរថយន្តបូមទឹក ដើម្បីធ្វើសកម្មភាពបូមនិងកាយ សំរាមចេញពីមុខលូទាំងយប់ផងដែរ ជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ នៅចំណុចម៉ុងឌីយ៉ាល់ លើមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោក។

គួរបញ្ជាក់ថា ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ មិនបានប៉ុន្មានម៉ោងផងទឹកក៏បានហូរស្រកអស់ ហើយក្រុមការងារ ក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនាព្រឹកនេះ៕





