ខេត្តបាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី៩ សីហា បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា នៅទីរួមខេត្តបាត់ដំបង ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណី ជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត” ដែលមានការចូលរួមពីកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងជនជាតិដើមភាគតិច សរុបប្រមាណចំនួន៨៥០នាក់។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ជាពិសេសជនជាតិដើមភាគតិចផងដែរ ។

លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសនិងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានលើឡើងអំពី គោលបំណងក្នុងការរៀបចំប្រារព្ធទិវានេះឡើង ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធដ៏ទៃទៀតក្នុងការ ជួយរលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសអាចធ្វើឲ្យជនជាតិដើមភាគតិច ទទួលបាននូវការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផងដែរ។

លោករដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងសហការបន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាព ស្របតាមគោលនយោបាយច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ជាពិសេស ត្រូវខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង៥ចំណុច ដែលបានថ្លែងនៅក្នុងសារលិខិតអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកអនុវត្តការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព៕


