ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ការដាក់ខេត្តទាំង៤ ចូលទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) មិនមែនមានន័យថា បើកឲ្យប្រជាពលរដ្ឋប្រទេសទាំង៣ដែលមានខេត្តជាប់ព្រំដែនគ្នា អាចចេញ-ចូលសេរី ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ ដូចមតិមួយចំនួនលើកឡើងឡើយ ។
ការលើកឡើងរបស់លោកស្រី ធ្វើឡើងបញ្ជាក់បន្ថែមទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តយល់ខុសអត្ថន័យនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បើទោះបីជាមានការបកស្រាយយ៉ាងទូលំទូលាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដោយ ។ ដោយពួកគេបារម្ភថា ការដាក់ខេត្តកម្ពុជាចំនួន៤ មានខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគីរី ទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នឹងនាំឲ្យមានលំហូរជនជាតិវៀតណាម ឆ្លងមករស់នៅកម្ពុជា ដោយសេរី ហើយខេត្តទាំងនេះ អាចនឹងក្លាយទៅជាខេត្តរបស់ប្រទេសវៀតណាម ។
លោកស្រី ចម និម្មល បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាដែលផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី៩ សីហាថា “អ្វីដែលខ្ញុំចង់លើកជាការសំខាន់ថា កិច្ចព្រមព្រៀងដែលបានលើកមិញនេះ សួរថាតើមានអ្វីប្លែកពីគេ ចឹងមានការចេញ-ចូលដោយសេរី? កិច្ចព្រមព្រៀងអនុគ្រោះពិសេសមិញនេះ មានន័យថា ចេញ-ចូលដោយសេរីមែនឬទេ? មានន័យថា ទៅមកៗហ្នឹង មិនបាច់មានអីហ្នឹងខ្លួនទេ ដើរឆ្លងកាត់ប្រុយៗទៅបែបហ្នឹងឬយ៉ាងម៉េច? មិនមែនទេ គឺយើងមានច្បាប់ នៅក្នុងប្រទេសយើងរៀងៗខ្លួនដែលយើងទទួល ហើយនឹងអនុវត្ត ហើយនៅក្នុងនោះផងដែរ”។
លោកស្រីបន្តថា “ខ្ញុំក៏សូមបង្ហាញដែរថា នៅក្នុងច្បាប់ស្តីពីកិច្ចព្រមព្រៀង និងការជំរុញពាណិជ្ជកម្មនៅក្នុងតំបន់កិច្ចព្រមព្រៀង CLV-DTA នោះ នៅក្នុងនេះគឺមានមាត្រា៩ ដែលនិយាយអំពីការសម្រួលដល់ចរាចរណ៍ចេញ-ចូលទាំងយាន្តយន្ត និងប្រជាជននៅប៉ុស្តិ៍ត្រួតពិនិត្យនៅតំបន់ CLV-DTAនេះ ដែលនៅក្នុងនោះ បាននិយាយច្បាស់ៗណាស់ថា អ្វីក៏ដោយក៏ត្រូវតែអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ភាគីនីមួយៗ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដែលបណ្តាភាគីជាប្រទេស ជាពិសេសត្រូវតែអនុលោមតាមបទប្បញ្ញត្តិ នៃការអនុស្សារណៈនេះ ហើយចំណុចទាំងអស់នេះ ក៏មាននៅក្នុងវេបសាយរបស់យើងដែរ” ។
លោកស្រី ចម និម្មល បន្ថែមថា “នៅតាមបណ្តោយព្រំដែន កិច្ចសម្រួលនៃការដោះដូរទំនិញ ក៏ដូចគ្នាទៅនឹងការវិនិយោគ ឬក៏ទេសចរណ៍ ឬអ្វីផ្សេងៗនេះ គេមានរបៀបរបបនីតិវិធីរបស់គេច្បាស់លាស់”៕