ភ្នំពេញ ៖ ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដែលព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា ។
នេះបើតាមការបញ្ជាក់របស់លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៩ សីហា។
ក្នុងជំនួបនេះ លោក Maximillion Cooper បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរបែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា។
ជាមួយគ្នានោះសម្តេចធិបតីស្វាគមន៍ និងគាំទ្រការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។
សម្តេចធិបតី ក៏បានអរគុណមូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាល កីឡានៅកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព ៕