ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដំណាងលោក រដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃសុក្រនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ប្រតិភូអន្តរក្រសួង ស្ថាប័ននិងមន្រ្តីក្រុមការងារ អាជ្ញាធរទន្លេសាប ចុះសិក្សាស្វែង យល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សកំពង់ប្រាក់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក បានជម្រាបជូនប្រតិភូពីសារៈសំខាន់ នៃបឹងទន្លេសាប សក្តានុពលធនធានធម្មជាតិ ជីវចម្រុះនៅក្នុងបឹងទន្លេសាប ភាពគំរាមគំហែង នាពេលបច្ចុប្បន្ន បណ្តាលឲ្យផលស្តុកធនធានជលផលធ្លាក់ចុះ ។ ដោយឡែក ការជ្រើសរើសចុះសិក្សាស្វែងយល់នៅពេលនេះ គឺតំបន់អភិរក្ស ជលផលកំពង់ប្រាក់ ដែលជាតំបន់អភិរក្សដ៏សំខាន់មួយក្នុងចំណោមតំបន់អភិរក្សទាំង ៨ កន្លែង បានបង្កើតឡើងក្នុងសម័យបារាំង ឆ្នាំ១៩៥៨ ហើយស្ថិតនៅក្នុងបឹងតូច នៃបឹងទន្លេសាប ។ តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ។ ដើម្បីធានានិរន្តរភាពធនធានជលផល ត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងនោះ÷
i. បន្តការការពារ និងដាំដុះព្រៃលិចទឹកឡើងវិញ
ii. សហគមន៍នេសាទបន្តរក្សាការពារមេពូជត្រីក្នុងតំបន់អភិរក្ស
iii.ស្ថាប័នជលផល បន្តសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ បង្កើនការផ្សព្វផ្សាយច្បាប់ ដល់សហគមន៍
iv. ពង្រឹងការអនុវត្តច្បាប់ និងការបង្រ្កាបបទល្មើសនេសាទ
v. អាជ្ញាធរឃុំ ត្រូវបញ្ចូលកញ្ចប់ថវិកាទៅក្មុងផែនការកម្មវិធីវិនិយោគឃុំ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជលផល។

សូមជម្រាបជូនផងដែរថា ការចុះសិក្សាស្វែងយល់ នៅតំបន់អភិរក្សកំពង់ប្រាក់នេះ ក្នុងគោលបំណង ដើម្បី÷
១. ស្វែងយល់ពីទស្សនៈវិស័យ និងផែនការគ្រប់គ្រង អភិរក្សធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់អភិរក្ស
២. សកម្មភាពការងារ រួមជាមួយការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់នៅក្នុងការចូលរួមថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អភិរក្ស
៣. បញ្ហាផលប៉ះពាល់មកលើគ្រប់គ្រង និងអភិរក្សធនធានជលផល ជីវចម្រុះ ជាពិសេសប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់អភិរក្ស
៤. ស្ថានភាពជីវភាពទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ នៅជុំវិញតំបន់អភិរក្ស
៥. សក្តានុពល និងកាលានុវត្តភាពតំបន់អភិរក្ស ក្នុងការជម្រុញផលិតភាពធនធានជលផល ជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ
៦. ការចូលរួមចំណែកពីក្រសួងស្ថាប័ន និង ដៃគូរពាក់ព័ន្ធក្នុងតំបន់អភិរក្ស
៧. ភាពខ្លាំង ភាពខ្សោយ និង វិធាន ដោះស្រាយ រួមជាមួយតម្រូវការក្នុងវិធានការឆ្ពោះទៅការគ្រប់គ្រង និងអភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជុំវិញបឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តភាព។

សូមបញ្ជាក់ថា ប្រតិភូអន្តរក្រសួង ស្ថាប័នបានអញ្ជើញចូលរួមចុះសិក្សាស្វែងយល់នេះ មានពីឯកឧត្តមលោក លោកស្រី ជាតំណាងក្រសួងធនធនទឹក និងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធនាគាពិភពលោក (World bank) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) សហភាព អឺរ៉ុប (EU) អង្គការអភិរក្សអន្តរជាតិ (CI) ឯកឧត្តមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន ស្រុកក្រគរ ឃុំ ខណ្ឌជលផល-ផ្នែកជលផលស្រុកក្រគរ សហគមន៍នេសាទកំពង់ប្រាក់ រួមនឹងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស អាជ្ញាធរទន្លេសាប ៕




























