ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨ នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម ៨,៥% ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។
ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC) ។
ការចុះអនុស្សរណៈនេះ មានគោលបំណងជួយដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដែលសមស្របជាមួយនឹងអត្រាការប្រាក់ត្រឹមតែ ៨,៥% ដែលជាអត្រាការប្រាក់មិនធ្លាប់មាន និងមានលក្ខខណ្ឌឥណទានល្អប្រសើរសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
អនុស្សរណៈនេះ នឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម ១០% នៃការប្រាក់ក្នុង ១ឆ្នាំ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដោយជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ តាមរយៈអនុស្សរណៈនេះ ពលករនឹងអាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារអាម៉េរិក ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈរវាងធនាគារធំៗទាំង៨ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តនូវទំនួលខុសត្រូវសង្គមដោយផ្តល់នូវការសម្របសម្រួលជាពិសេសលើបញ្ហាហិរញ្ញវត្ថុទៅដល់បងប្អូនពលករខ្មែរ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមមួយកម្រិតទៀតដែលជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕