ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច និងសហជីព៖ ការចុះ MOU រវាងរដ្ឋាភិបាល និងធនាគារធំៗផ្តល់ឥណទាន ដែលមានការប្រាក់ទាបសម្រាប់ពលករគឺជាការគិតគូរថ្មីបន្ថែមមិនធ្លាប់មាន

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ គឺជាជាការគិតគូរថ្មីបន្ថែមមិនធ្លាប់មាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់ ១៨ភាគរយក្នុង ១ឆ្នាំឯណោះ។

លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង៩ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែប៉ុណ្ណោះអត្រាការប្រាក់នេះបើធៀប និងកម្ចីក្រៅផ្លូវការគឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះគឺជាការរួមចំណែកជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ ផងដែរ។

លោកថ្លែងថា៖ «ការកាត់បន្ថយនេះគឺជាយន្តការមួយរួមចំណែក នៅក្នុងការកាត់បន្ថយចំណាយរបស់គ្រួសារ ពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយកទៅចាយវាយបានក្រោយពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករយើងអាចមានលទ្ធភាពរស់នៅមានភាពប្រសើជាងមុនខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។

ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់បារម្ភរឿងបំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនប្រសើរជាងមុន។

លោកថ្លែងថា៖ «ពលករយើងលែងបាម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់ជួបប្រទះក្នុងពេលកន្លងមក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យកចិត្តទុកដាក់ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិនមួយរបស់ពួកគាត់បានក្លាយជាការពិត មានឱកាសទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយមានឱកាសទទួលបាននូវឥណទានដែលមានអត្រាការប្រាក់ទាប» ។

ក្នុងនាមសហជីពលោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាសដល់ពលករក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

To Top