ភ្នំពេញ៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាស្នើដល់ពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យពុទ្ធសាសនា កាន់តែរីកចម្រើននៅកម្ពុជា និងមានសន្តិភាពផ្លូវចិត្ត។


សង្ឃដីការបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ក្នុងឱកាសនិមន្តជាព្រះអធិបតីភាព បើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត នៅសណ្ឋាគារ ហៃយ៉ាត់ (HYATT REGENCY PHMOM PENH) នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ដែលវេទិកានេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្ត របស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។

នាឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងពីប្រវត្តិរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញណោ)។ បន្ទាប់ពី ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៥២ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ជាពិសេស បានបណ្តុះបណ្តាលធនធានព្រះសង្ឃ ជួយឧបត្ថម្ភវិស័យសង្គមកិច្ច សុខមាលភាពរបស់ ព្រះសង្ឃ ប្រជាពលរដ្ឋបានផ្សព្វផ្សាយពុទ្ធឱវាទនៃព្រះពុទ្ធបរមគ្រូយ៉ាងទូលំទូលាយ ពេលនោះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ ទំនុកបំរុង វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា «វេទិកា សាសនាសន្តិភាពផ្លូវចិត្ត ជាវេទិកាសំខាន់មួយ។ សូមញាតិញោម ចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យពុទ្ធសាសនា កាន់តែរីកចម្រើននៅកម្ពុជា និងមានសន្តិភាពផ្លូវចិត្ត។ សន្តិភាពផ្លូវចិត្តនេះ មិនត្រឹមត្រូវធ្វើឲ្យយើងរស់នៅជាមួយគ្នា ដោយសន្តិភាពទេ តែជាការធ្វើឲ្យយើងអភិវឌ្ឍខ្លួន និងសង្គមគ្រួសារឲ្យបានរីកចម្រើន។ ទោះមានរឿងអ្វីក៏ដោយ បើចិត្តមិនសប្បាយហើយ អ្វីៗក្នុងខ្លួន ខ្មៅទាំងអស់»។

បន្ថែមលើនេះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ក៏បានលើកឡើងពីសកម្មភាពបាតុកម្មនៅប្រទេសបង់ក្លាដែស ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាដែរ ដែលកើតឡើងដោយសារគ្មានសន្តិភាពផ្លូវចិត្ត។ ចុងក្រោយ អ្នកជោគជ័យរឿងបាតុកម្ម គ្មានសល់អ្វីទេ ក្រៅពីគំនរផេះផង់របស់អគារ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋរចនាសម្ព័ន្ធនានា។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងថា «នៅតាមបណ្តាញសង្គម អាត្មាបានឃើញមានសកម្មភាពនៅបង់ក្លាដែស ដែលជាប្រទេសកាន់ពុទ្ធសាសនាដូចគ្នា។ អាត្មាឃើញ អ្នកធ្វើបាតុកម្មបានជោគជ័យហើយ តែគ្មានសល់អ្វីទេ។ សូម្បីកង់កញ្ចាស់មួយ ក៏ដុតចោលដែរ។ មិនខុសពី ឆ្នាំ១៩៧៥ ឮតែថាឈ្នះហើយៗ តែចុងក្រោយរត់ចេញពីផ្ទះអស់រលីង។ នេះហើយ ជាវិនាសកម្មកើតឡើង។ អីចឹងហើយ កត្តាសន្តិភាពផ្លូវចិត្តនេះ យើងសង្ឃឹមថា មនុស្សយើងមុននឹងធ្វើអ្វីៗ នឹងគិតគូខ្លាំង»។

បើតាមសង្ឃដីការបស់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន, ព្រះពុទ្ធ បានបង្រៀនថា មិនទាស់ខុសអ្វី ចំពោះអ្នកធ្វើខុសឆ្គងទេ តែអ្នកខុសនោះ ត្រូវចេះកែខ្លួនឡើងវិញ ហាក់បីដូចជាដួងព្រះចន្ទ ឬដួងព្រះអាទិត្យ ត្រូវបានបាំងដោយដុំពពក ពេលដុំនោះបក់ចេញ ច្បាស់ជាមានពន្លឺ។ សម្តេច បានសង្ឃឹមថា វេទិកានេះ នឹងផ្តល់ផលប្រយោជន៍ដល់ពុទ្ធសាសនិកជាច្រើន។
សូមជម្រាបថា វេទិកា សាសនាសន្តិភាពផ្លូវចិត្ត ក៏មានការសួរ-ឆ្លើយ រវាងវាគ្មិន និងអ្នកចូលរួមប្រមាណជាង ៥០០នាក់ មកពីបណ្តាអង្គការ សមាគមនានា ដូចជា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមហ៊ុនលីលី សភាមុខរបរ CPMEX សមាគមសហគ្រិនស្ត្រីកម្ពុជា CWEA សមាជិក សមាជិក មកពីសមាគមឧកញ៉ាកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។ វេទិកានេះផងដែរ ក៏ជាវេទិកាដ៏មានសារៈសំខាន់បំផុត សម្រាប់មនុស្សគ្រប់រូប ពិសេសអ្នកវិនយោគ និងសហគ្រិន ដែលជាការរៀបចំលើកដំបូងរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងអាណត្តិទី៧។
ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក ជាពិសេសនោះគឺមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក៕
