ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ផ្តល់គន្លឹះសំខាន់ៗ ៤ ចំណុច ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ

កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកពីចំណុចគន្លឹះសំខាន់ៗ ចំនួន៤ ជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកកម្ពស់ គុណភាពអប់រំ ឲ្យកាន់តែល្អប្រសើរ ។

លោកបានលើកឡើងដូច្នេះ  ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ចាម។

លោកបានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាព សូមលោកគ្រូ អ្នកគ្រូ អនុវត្តនូវគន្លឹះ ៤ចំណុចដូចខាងក្រោម ៖ 

ទី១ ៖ ត្រូវពង្រឹងអភិបាលកិច្ចល្អនៃសាលារៀន។

ទី២ ៖ ត្រូវពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ។

ទី៣ ៖ ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ។

ទី៤ ៖ ត្រូវជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួម ពីមាតា បិតា អ្នកអាណាព្យាបាលរបស់សិស្ស និងសហគមន៍ ក្នុងការអប់រំ ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ បានបានសម្តែងការអបអរសាទរចំពោះខេត្តកំពង់ចាម ដែលទទួលបាននូវសាលារៀនគំរូ និងបានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំបន្តែមទៀត ដើម្បីឲ្យខេត្តកំពង់ចាម ជាសាលារៀនគំរូឈានមុខគេ៕

To Top