ព័ត៌មានជាតិ

រតនគិរី ជាខេត្តទី៩ ទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF)

រូបភាព ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តរតនគិរី ៖ ខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណចក្រកម្ពុជា ត្រូវ​បានប្រកាស​ជាខេត្តទី៩ ទទួលជ័យលាភីបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ។

កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំខេត្តរតនគិរី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ អង្គការដៃគូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ១៥០០នាក់ ។

ក្នុងពិធីដ៏អធិកអធមនោះលោករដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍន៍លើ គ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ដែលសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេច បាននៅចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ដែលប្រាក់ចំណូល កម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញ នៅអទិភាពគន្លឹះចំនួន៤ ដែលរួមមានៈ (១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវត្ត និងគមនាគមន៍, (២) ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។ អទិភាពទាំង ៤ ខាងលើនេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោករដ្ឋមន្ត្រីក៏បានស្នើ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដជួយគាំទ្រ និងសហការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេច ឱ្យបានគោលដៅ របស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ អោយបានអត្រាគ្របដណ្តប់ ១០០% នៅទូទាំងប្រទេសក្នុងឆ្នាំ២០៣០។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងរស់នៅក្រៅប្រទេស សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា។

គួរជម្រាបជូនផងដែរថា ៖ ខេត្តរតនគិរីជាខេត្តទី៩ ហើយដែលបានធ្វើពិធីប្រកាស ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយកន្លងមក មានខេត្តចំនួន៨ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ។ លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៤ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ ខេត្ត ក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេស៕

To Top