ភ្នំពេញ៖ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន នឹងរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី១ សម្រាប់ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀត។
ការលើកឡើងរបស់លោក សេង វណ្ណៈ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ នៃកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃចិន”នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន។






ក្នុងនោះ លោក សេង វណ្ណៈ បានលើកឡើងថា កម្មវិធីនាឱកាសនេះ ពិតជាបានបង្ហាញឱ្យឃើញពីគុណតម្លៃ សម្រាប់ប្រទេសកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំង ជាសារដ៏មានអត្ថន័យ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនឡើង ពីសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ន បាននឹងកំពុងខិតខំពន្លឿនការអភិវឌ្ឍ ដោយផ្តោតយ៉ាងសំខាន់ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន សមិទ្ធផលទាំងអស់នេះហើយ បានបង្កើននូវទំនុក ចិត្តពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ឱ្យចូលមកបណ្តាក់ទុនធ្វើអាជីវកម្ម ក្នុងរាជធានីភ្នំពេញកាន់តែច្រើន ឡើងៗ ហើយបានធ្វើឱ្យទីក្រុងនេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំ ប្រកបដោយភាពទាក់ទាញ និងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។



លោក សេង វណ្ណៈ ក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។


កម្មវិធីខាងលើនេះ ស្របតាមគំនិតផ្តួចផ្តើមស្តីពី “យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនេះ៖ មិនត្រឹមតែជាគន្លឹះ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរណ៏ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង រាជធានីភ្នំពេញ និងទីក្រុងសានថូវ ទៅថ្ងៃអនាគតយ៉ាងពិតប្រាកដ។




ជាមួយគ្នានេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងដែរថា កម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនិងការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជម្រុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវនាពេលនេះ វានឹងជម្រុញអោយសេដ្ឋកិច្ច នៃប្រទេសទាំង២ កើនឡើង ពិសេសនិងធ្វើអោយអ្នកវិនិយោគមកពីប្រទេសចិន មករកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ កាន់តែច្រើន ដែលធ្វើអោយប្រទេសទាំង២ ឈ្នះរួមគ្នា។
គួរឱ្យដឹងថា ពិធីនេះ ក៏មានការចូលរួមពី លោក ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មិន បានពីង លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកពីទីក្រុងសានថូវ វិនិយោគិន ធុរជន និងពាណិជ្ជករជាច្រើនទៀត៕
