កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ចំពោះបញ្ហាលិចទឹក នៅក្នុងក្រុងតាខ្មៅ ពិសេសស វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាទីតាំងមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលាភាសាលីដឺលែន សាខាទី២ ក្រុងតាខ្មៅ នៅថ្ងៃទី១២ សីហា ។

អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែ រដូវនេះជារដូវវស្សា ជារៀងរាល់ឆ្នាំ តែងតែបណ្ដាលឲ្យមានការជន់លិច នៅតាមលំនៅឋាន ប្រជាពលរដ្ឋទូទៅ ជាពិសេសវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌល សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅពេលខាងមុខ ដូច្នេះដើម្បីបញ្ជៀសបញ្ហាជន់លិច ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សិស្ស ក្នុងការសិក្សាក៏ដូចជា ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ មន្ទីរសាធារណការ ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹកពីក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏ដូចជាក្នុងភូមិសាស្ត្រសំខាន់ៗនានា ក្នុងក្រុងតាខ្មៅ ។

អភិបាលខេត្តបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងមណ្ឌលប្រឡងផងដែរ។

លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងក្រុងតាខ្មៅឲ្យមានការអត់ធ្មត់ និងយោគយល់ចំពោះបញ្ហាជន់លិច ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារបានធ្វើឲ្យប្រព័ន្ធលូរំដោះទឹក ដែលមានពីមុនមិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះអាជ្ញាធរខេត្ត ក្រុងតាខ្មៅ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរសាធារណការខេត្ត បាននិងកំពុងសិក្សាផ្តល់ទិន្នន័យរបាយទឹកភ្លៀង ទំហំផ្ទៃរងទឹកភ្លៀង ដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមករួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព មិនឲ្យមានការជន់លិចក្នុងក្រុងតាខ្មៅនាឆ្នាំក្រោយៗទៀត៕

