ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ខឿនការពារព្រំដែនរបស់ប្រជាជន គឺមានកម្លាំងខ្លាំងជាងរបងបេតុង ជាច្រើនជាន់ទៅទៀត បន្ទាប់ពីមានពលរដ្ឋមួយចំនួន ស្នើរាជរដ្ឋាភិបាលធ្វើរបងតាមព្រំដែន។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងតាមរយៈសារសំឡេងពិសេស នៅថ្ងៃទី១២ សីហា ដើម្បីឆ្លើយតបបុគ្គលមួយពាក់ព័ន្ធ ទៅនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV)ដែលពួកគេបានស្នើឲ្យរាជរដ្ឋាភិបាល ធ្វើរបងការពារព្រំដែន។
ឆ្លើយតបករណីនេះសម្ដេចតេជោបានចោទសួរថា តើយើងគួរធ្វើរបងរបៀបយ៉ាងម៉េច របងត្រឹម៤ខេត្តនេះ ឬរបងទូទាំងខេត្តជាប់វៀតណាម ឬរបងទូទាំងព្រំដែនជាមួយថៃ បូកបន្ថែមព្រំដែនជាមួយនឹងឡាវ? ហើយប្រទេសណាខ្លះហើយ ធ្វើរបងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងបែបនេះ ក្រៅពីជញ្ជាំងប៊ែឡាំង របងខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជារបងអាមេរិក-ម៉ិចស៊ិក។
សម្ដេចតេជោបន្ដថា ផ្ទុយទៅវិញមានតែការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យបានល្អនៅតាមបន្ទាត់ព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន ទាំងផ្លូវពាណិជ្ជកម្ម កសាងសាលារៀន មន្ទីរពេទ្យ ហើយធ្វើផ្ទះឲ្យពលរដ្ឋរស់នៅបានល្អទើបជាការត្រឹមត្រូវជាង ដើម្បីធ្វើយ៉ាងណាប្រែក្លាយ ខ្សែបន្ទាត់ព្រំដែនឲ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាព។
សម្ដេចតេជោ មានប្រសាសន៍ថា «ខឿនការពារជាតិរបស់ប្រជាជន គឺវាមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ ចែកផ្ទះឲ្យប្រជាជន សង់មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដែលប្រជាជនត្រូវការ ដើម្បីឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើនដើម្បីរស់នៅទីនោះ ដាំដុះ ធ្វើស្រែចំការ ឬដាំដំណាំឧស្សាហកម្ម ឬក៏សិប្បកម្មកែច្នៃ នៅតំបន់នោះ (តំបន់ព្រំដែន»។
សូមរំលឹកថា នាពេលថ្មីៗនេះ មានមតិបំផុសដោយបំភ្លៃថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ដីកម្ពុជា ៤ខេត្តឲ្យប្រទេសដទៃ។ ប៉ុន្តែ បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពាក្យរបស់ក្រុមប្រឆាំងជ្រុលនិយមបែបនេះ គឺជាការមូលបង្កាច់តែប៉ុណ្ណោះ៕