ព័ត៌មានជាតិ

ស្ថាប័ន៣ បើកិច្ចពិគ្រោះយោបល់​ ស្តីពី “ការគ្រប់គ្រងតំបន់ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ”

រូបភាព រដ្ឋបាលខេត្តសៀមរាប

សៀមរាប ៖ ស្ថាប័នជាតិសំខាន់ចំណួន ៣ រួមមាន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរ ខេត្ដសៀមរាប បានបើកកិច្ចពិគ្រោះយោបល់ ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ” ដើម្បីស្វែងរកធាតុចូល សំខាន់ៗសម្រាប់រួម ចំណែកការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានប្រសាសន៍ នៅក្នុងកិច្ចពិគ្រោះយោបល់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀត អំពីតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផល ជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគតនៃឧទ្យានបុរាណអង្គរ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា តាមរយៈវេទិកា ភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈស្ថាបនា ដើម្បីរួមគ្នាពិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គី ឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឱ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

លោកបន្តថា អង្គរ មិនត្រឹមតែជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល នៅក្នុងវិស័យជាច្រើន ដូចជាការរៀបចំទឹកដីនគរូបនីយកម្ម ស្ថាបត្យកម្ម សំណង់ និង សិល្បៈនាសម័យបុរាណ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីន សេដ្ឋកិច្ចដ៏មានសក្តាពលមួយសម្រាប់កម្ពុជា សម័យទំនើបផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ជាក់ស្តែងនៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេស បន្ទាប់ពីត្រូវបានជួយសង្គ្រោះឱ្យរួចពីស្ថានភាព គ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ បានក្លាយជាមេដែកទាក់ទាញភ្ញៀវ ទេសចរមកពីជុំវិញពិភពលោក និងជាប្រភពចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរនេះផ្ទាល់។

លោកបន្ថែមថា ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតដែរ ទាំងបញ្ហាចាស់ (ដូចជាសភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហាប្រឈមថ្មីៗ(ដូចជាការបំពុលបរិស្ថាន ការប្រែប្រួល អាកាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំបន់ក្រុង និងសកម្មភាពអាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបានក្លាយជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា ហើយតម្រូវឱ្យយើងត្រូវរួមគ្នារិះរកដំណោះស្រាយសមស្រប។

លោកបានបន្ដថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញឱ្យឃើញនូវទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។

ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់(Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទដែលនឹងត្រូវរងផលប៉ះពាល់បំផុត នឹងកើនឡើងពីប្រមាណ៩ប្រាសាទនៅឆ្នាំ២០១៧ ទៅដល់ប្រមាណ ១៤ប្រាសាទនៅឆ្នាំ២០២៥ និងរហូតដល់ ១៧ប្រាសាទនៅឆ្នាំ២០៣០។

លោកសង្កត់ទៀតថា ក្នុងន័យនេះ ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា ត្រូវរួមគ្នាពិតគួរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយក ចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រង ប្រជាសាស្ត្រក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់កូនចៅ ជំនាន់ក្រោយផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋាន គ្រឹះនៃដំណើររៀបចំគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្ដបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្ដែង ដែលមិនអាចកាត់ផ្ដាច់ពីដំណើររបស់កម្ពុជា ដែលនិយាយជារួម និងអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក មិនមានប្រទេសណាដូចឡើយ ។

ជុំវិញបញ្ហានេះ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋានអង្គរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដ៏មានតម្លៃជាសកល ដែលជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជុំវិញពិភពលោក ។

លោកបន្តថា ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ បានធូរស្រាល យើងសង្កេតឃើញថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចូលមកទស្សនាកម្សាន្ត ក្នុងខេត្តមានការកើនឡើង គួរឱ្យកត់សម្គាល់ បើគិតពីដើមឆ្នាំ រហូតដល់ ខែកក្កដា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវ ទេសចរបរទេសសរុបចំនួន ៥៨៤ ៣៧៥ នាក់ ។

លោក ប្រាក់ សោភ័ណ បញ្ជាក់ទៀតថា ស្របពេលជាមួយនឹងការខិតខំប្រឹងប្រែងអនុវត្តនូវកាតព្វកិច្ច ដើម្បីគ្រប់គ្រងនិងថែរក្សាការពារប្រាសាទអង្គរ និងប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ បាននិងកំពុងជួបប្រទះបញ្ហាកំណើន អត្រាកំណើតកូនចៅ របស់អ្នកភូមិចាស់ និងការបម្លាស់ទីចូល មករស់នៅ របស់អ្នកភូមិក្រៅ ដើម្បីស្វែងរកឱកាសមុខរបរ និងការងារ សម្រាប់ជីវភាពរស់នៅ ដែលអាចគំរាមកំហែង និងប៉ះពាល់ដល់សោភ័ណភាព ទេសភាពនៃតំបន់អង្គរ ។

លោកសង្កត់ធ្ងន់ទៀតថា ឆ្លើយតបទៅនឹង បញ្ហានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិត ផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ននិងតទៅអនាគត ដោយគិតគូរទាំងកម្រិតជីវភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម បរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ តាមរយៈការរៀបចំបង្កើត នូវក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ និងធ្វើការអភិវឌ្ឍន៍តំបន់នានា ជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់ ។

លោកថ្លែងថា៖«កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ថែរក្សាតំបន់ ការពារសម្បត្តិបេតិកភណ្ឌអង្គរផង និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសមរម្យផង»

To Top