ភ្នំពេញ ៖ លោក Hans Risser នាយកថ្មី នៃទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) បានអះអាងបន្តគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួម ចំណែកសកម្មភាពមីនរហូតដល់កម្ពុជា អាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។
ការលើកឡើងរបស់លោក Hans Risser ក្នុងជំនួបពិភាក្សាការងារ ស្ដីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១២ សីហា នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកថា ភាពជោគជ័យនៃបេសកកម្មរបស់ NPA គឺមានសារៈសំខាន់សម្រាប់កម្ពុជា។ ពាក់ព័ន្ធនឹងវិស័យមីន ទីភា្នក់ងារ NPA បានចូលរួមបង្កើតនូវប្រវត្តិសាស្រ្តមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជា ការហ្វឹកហាត់សុនខហិតមីនដំបូងនៅកម្ពុជា និងការចូលរួមក្នុងការប្រកាសខេត្តកែបអស់មីន ជាដើម។
លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ NPA គឺកន្លែងណាដែលប្រទេសកម្ពុជាមានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងលែងបង្កហានិភ័យដល់មនុស្ស ហើយលែងជាឧបសគ្គដល់ការអភិវឌ្ឍទៀត ព្រមទាំងបានថ្លែងអំណរគុណដល់ NPA ដែលចូលរួមផ្តល់ជំនួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាបានសិក្សាស្រាវជ្រាវ និងប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមដោយខ្លួនឯងនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលន័រវេស្សដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យ NPA បន្តគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ក្នុងនោះរួមមានការគ្រប់គ្រង ប្រព័ន្ធទិន្នន័យសកម្មភាពមីន ការរៀបចំផែនការសកម្មភាពមីន ការត្រួតពិនិត្យគុណភាព និងសមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្តជាតិថ្មី ក៏ដូចជាបន្តគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាការឆ្លើយតប លោក Hans Risser នាយកថ្មី NPA ប្រចាំកម្ពុជា បានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួមចំណែកសកម្មភាពមីនរហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ទីភ្នាក់ងារ NPA នឹងបន្តគាំទ្រដល់សកម្មភាពនានាក្នុងនាមភាពរបស់កម្ពុជានៃអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីគោលដៅរួមឆ្ពោះទៅពិភពលោកមួយដែលគ្មានមីន។
នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធដល់បេសកម្មការងារ របស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជនាពេលកន្លងមក និងអនាគត៕