ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី ONISIVORO COVINISAQA មេបញ្ជាការកងទ័ពជើងគោកហ្វីជី បានថ្លែងបញ្ជាក់ថា វត្តមានរបស់ប្រតិភូ កងទ័ពជើងគោកកម្ពុជា នៅលើទឹកដីនៃប្រទេសហ្វីជីនេះ គឺជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងយោធា កម្ពុជា-ហ្វីជី ។
ការថ្លែងរបស់មេបញ្ជាការកងទ័ពជើងគោកហ្វីជី ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាថ្ងៃទី១៣ សីហា ក្នុងឱកាសចូលរួមសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់កងទ័ពហ្វីជី ក្នុងកិច្ចខិតខំប្រឹងប្រែងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការ ការចែករំលែកបទពិសោធន៍ ជាមួយកងទ័ពជើងគោកហ្វីជី ពាក់ព័ន្ធកិច្ចការរក្សាសន្តិភាព និងការសង្រ្គោះគ្រោះមហន្តរាយ។
ជាការឆ្លើយតបឧត្តមសេនីយ៍ត្រី ONISIVORO COVINISAQA បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានធ្វើដំណើពីចម្ងាយ ដើម្បីចូលរួមសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៤៨ (48th IPAMS) នៅទីក្រុង NADI ប្រទេស FIJI ។
លោកឧត្ដមសេនីយ៍ត្រីបញ្ជាក់ថា «វត្តមានរបស់ប្រតិភូកងទ័ពជើងគោកកម្ពុជា នៅលើទឹកដីនៃប្រទេសហ្វីជីនេះ គឺជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងយោធា កម្ពុជា-ហ្វីជី» ៕
