ភ្នំពេញ ៖ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញបំណងជំរុញ នូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល កសិកម្ម និង ទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាព បើកដំណើរការឡើងវិញ នូវការហោះហើរត្រង់ពីទី ក្រុងសានថូវមកកម្ពុជា នាពេលខាងមុខ ។
ការបង្ហាញបំណងបែបនេះ ក្នុងឱកាសលោក Wen Zhan Bin និងគណៈប្រតិភូក្រុមហ៊ុនចំនួន៩ មកពីទីក្រុងសានថូវ ចូលជួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃ១៣ សីហា។
ក្នុងឱកាសនៃជំនួប លោក Wen Zhan Bin បានគោរព ជម្រាបសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងកម្ពុជា។
លោក Wen Zhan Bin បញ្ជាក់ថា «គណៈប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ» ។
ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុន សរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះបានសម្រេច បាននូវការចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។
ជាការឆ្លើយតបសម្ដេចធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានគួរ ឲ្យកត់សម្គាល់នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម ៕