ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រុមប្រឆាំងកំពុងប្រើយុទ្ធសាស្ត្ររឿងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) បំបាក់គម្រោងព្រែកជីកហ្វូណនតេជោ ដោយរុញឲ្យក្លាយជាអំពើហិង្សា ហើយព្យាយាមយកឈាមមនុស្សដែលគេបោកបាន លាបលើព្រែកជីកហ្វូណនតេជោ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ សីហា លោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែល រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាមយ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាម នៅពេលរាជរដ្ឋាភិបាលឲ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិននៅឆ្នាំ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលប្រមូលកម្លាំងតទប់ជាមួយថៃ នៅព្រះវិហារយ៉ាងនោះដែរ ។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ គិតឃើញដោយខ្លួនឯងថា យុវជនមួយចំនួនមិនទាន់កើត ឬនៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ។ តែសូមលោកលើកតែរឿងកើតឡើងកាលពីកំលុងឆ្នាំ១៩៩៤សិន ដោយសម័យនោះ រាជរដ្ឋាភិបាលឲ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្ត ដើម្បីវាយប៉ៃលិន ពេលនោះក្រុមកម្លាំងមួយចំនួន (ខ្ញុំសូមមិននិយាយអង្គភាព ឬភាគីណាទេ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញ ប្រទេសនូវសភាពការណ៍ថា វៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឲ្យវៀតណាមកាន់កាប់(តែ ទីតាំងនោះវៀតណាមនៅតាំងពីដើម)។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំង ថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។
ដោយរឿងហេតុស្រដៀងគ្នានេះ ទើបលោកអតីតរដ្ឋមន្រ្តីព័ត៌មានបានចោទជាសំណួរថា ចុះពេលនេះ? ពួកគេបានដកពិសោធន៍រឿងពីរ ។ ជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជំនះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើសមរភូមិ (ថៃស្លាប់រហូតដល់ឧត្តមសេនីយ៍) ហើយជ័យជំនះសម្បើម ក្នុងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថា ពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ថា គឺជ័យជំនះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញឲ្យមានជ័យជំនះនេះ ។
លោកបន្តថា “ហេតុនេះ ព្រែកជីកហ្វូណនតេជោនឹងក្លាយជាកាតាលីករ(Catalyst) នៃជ័យជំនះរបស់គណបក្សប្រជាជននៅឆ្នាំ២០២៨ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿងCLV បំបាក់ហ្វូណនតេជោ ហើយបើគេអាចរុញឲ្យក្លាយជាអំពើហិង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបាន យ៉ាងហោចណាស់ យកឈាមមនុស្សដែលគេបោកបាន លាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តិការសេដ្ឋកិច្ចតាំងពី២០ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភ័ន្តទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់ ក្នុងពេលដែលមេបក្សប្រឆាំងមួយចុះហត្ថលេខាជាលាយលក្ខណ៍អក្សរប្រគល់ខេត្ត៤ របស់ខ្មែរឲ្យវៀតណាមស អាចធ្វើសកម្មភាពបានដោយសេរី ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង រដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត ។ មួយមាត់ទទេ មួយមានក្រដាស តែគេបិទមាត់ឈឹង”៕