ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ។

សូមជម្រាបថា ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងអនុវត្តគម្រោងចំនួនពីរគឺ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម(IAIP) និងគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន(CFACVS)។

ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) និងបានថ្លែងអំណរគុណ ចំពោះការរួមចំណែកយ៉ាងធំធេង ប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍ និងការរីកចម្រើន នៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើបកម្មវិស្វកម្ម លើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុ និងការឡើងកម្តៅ នៃភពផែនដី ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បន្តការវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់ នឹងការប្រែប្រួល អាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា និងបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។

លោកស្រីនាយិកា បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក និងបញ្ជាក់ពីការពង្រីកបន្ថែមទុន វិនិយោគរយៈពេលពីរឆ្នាំទៀត របស់ធនាគារADB លើគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្ម លើប្រព័ន្ធធារាសាស្រ្ត និងពង្រីកលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។

សូមបញ្ជាក់ថា ក្រោមការគាំទ្រ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដែលគ្រោងបញ្ចប់ប្រតិបត្តិការ ក្នុងឆ្នាំ២០២៥ នឹងត្រូវបន្តរយៈពេលអនុវត្ត ២ឆ្នាំបន្ថែមទៀត ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមបង្កើន ការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តក្នុង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និង ខេត្តកំពង់ធំ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយស័ក្តិសិទ្ធិភាពនៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ៕








